វីដេអូស្ដែងៗ YouTuber ម្នាក់ត្រូវចោរបាញ់ធ្លាយកែងជើង ហើយត្រូវប៉ូលិសស្ទាក់បាញ់ថែមទៀត



ដំណើរផ្សងព្រេងតែម្នាក់ឯងរបស់ YouTuber ទេសចរណ៍ជនជាតិអង់គ្លេសលោក Charles Wright (ម្ចាស់ឆានែល CharlesWorldTravel) ស្ទើរតែក្លាយជាដំណើរជីវិតចុងក្រោយ បន្ទាប់ពីលោកបានឆ្លងកាត់ហេតុការណ៍ដ៏រន្ធត់ រងការបាញ់ប្រហារផ្ទួនៗ និងត្រូវគេចាប់ឃុំខ្លួន អំឡុងពេលបើកបររថយន្តកាត់ប្រទេសអេត្យូពី។



គ្រាប់កាំភ្លើងកប់ជាប់ក្នុងកែងជើង បើករថយន្តរត់ ២៤ ម៉ោង

ហេតុការណ៍បានចាប់ផ្តើមឡើងនៅពេលដែលលោក Wright កំពុងបើករថយន្ត Toyota Yaris តូចមួយគ្រឿងសុខៗ ស្រាប់តែលេចមុខខ្មាន់កាំភ្លើងពីរនាក់ប៉ុនប៉ងស្ទាក់ឃាត់ផ្លូវ។ ដោយសារតែឃើញខ្មាន់កាំភ្លើងលើកអាវុធ AK-47 លោកក៏បានជាន់ហ្គែរបំបោលរត់ ធ្វើឱ្យជនប្រដាប់អាវុធបាញ់ប្រហាររះពីក្រោយ។ គ្រាប់កាំភ្លើងមួយគ្រាប់បានផ្លាតធ្លុះបាតរថយន្តមកកប់ជាប់ក្នុងកែងជើងស្តាំរបស់លោក ដែលកំពុងជាន់ឈ្នាន់ហ្គែរ។



ដោយសារតែជើងមានរបួសប្រេះឆ្អឹងតាំងពីព្រឹកស្រាប់ លោកមិនបានដឹងថាខ្លួនត្រូវគ្រាប់កាំភ្លើងឡើយ ហើយបានបន្តជាន់ហ្គែរបើកបរទាំងត្រដរអស់រយៈពេល ២៤ ម៉ោង ក្នុងចម្ងាយផ្លូវជិត ៥០០ គីឡូម៉ែត្រ ទាំងមានគ្រាប់កាំភ្លើងកប់ក្នុងសាច់។

រត់ពីខ្លាជួបក្រពើ៖ ប៉ូលិសស្ទាក់បាញ់កង់ឡាន ដាច់ភ្លើងពេលវះកាត់ និងជាប់គុក ៣ ដង

គ្រោះកាចមិនទាន់ចប់ត្រឹមនេះឡើយ! ពេលកំពុងបើកបរវង្វេងផ្លូវតាម Google Maps លោកបែរជាត្រូវប៉ូលិសសហព័ន្ធបើកការបាញ់ប្រហារលើកង់រថយន្តថែមទៀត រហូតធ្វើឱ្យរថយន្តខូចគាំងកណ្តាលវាលខ្សាច់។ មិនត្រឹមតែប៉ុណ្ណោះ ប៉ូលិសបានរឹបអូសទូរស័ព្ទ និងបង្ខំឱ្យលោករត់ទាំងជើងកំពុងមានរបួសគ្រាប់កាំភ្លើងធ្ងន់ធ្ងរ។

ពេលបញ្ជូនទៅដល់មន្ទីរពេទ្យដើម្បីវះកាត់យកគ្រាប់កាំភ្លើងចេញ ស្រាប់តែមានហេតុការណ៍ដាច់ចរន្តអគ្គិសនី ដែលតម្រូវឱ្យក្រុមគ្រូពេទ្យបន្តការវះកាត់ដោយប្រើពិលទូរស័ព្ទដៃជំនួស។ ក្រោយចេញពីបន្ទប់វះកាត់ លោកត្រូវបានគេឃុំខ្លួនក្នុងសណ្ឋាគារ និងត្រូវចាប់ដាក់ពន្ធនាគាររហូតដល់ទៅ ៣ លើក ក្នុងរយៈពេលស្នាក់នៅ ៣២ ថ្ងៃ។

រសជាតិនៃសេរីភាព

លោក Wright បានរៀបរាប់ទាំងអារម្មណ៍រំជួលចិត្តថា៖

«មានពេលខ្លះ ខ្ញុំពិតជាគិតថាខ្លួនឯងប្រហែលជាគ្មានថ្ងៃរស់ចេញមកក្រៅវិញបានឡើយ។ នៅពេលដែលខ្ញុំអាចឆ្លងផុតព្រំដែនចូលទៅដល់ប្រទេសកេនយ៉ា ទើបខ្ញុំដឹងថា អារម្មណ៍ដែលទទួលបានសេរីភាពឡើងវិញ វាមានតម្លៃអស្ចារ្យខ្លាំងកម្រិតណា»

បច្ចុប្បន្ន YouTuber រូបនេះកំពុងសម្រាកព្យាបាលរបួសឱ្យជាសះស្បើយឡើងវិញ និងគ្រោងជួសជុលរថយន្តរបស់លោក ដើម្បីបន្តដំណើរផ្សងព្រេងលើវិថីជីវិតទៅមុខទៀត៕

Previous Post Next Post

Contact Form