សត្វក្ងានចិញ្ចឹមមួយក្បាលឈ្មោះ Goosey ទទួលបានការកោតសរសើរ និងលើកតម្កើងយ៉ាងខ្លាំងពីសំណាក់មហាជន បន្ទាប់ពីវាបានបង្កើតសកម្មភាពដ៏អស្ចារ្យ ដោយការស្រែកផ្អើលដាស់ម្ចាស់ឱ្យភ្ញាក់ពីដំណេកទាន់ពេលវេលា អំឡុងពេលមានគ្រោះអគ្គិភ័យឆាបឆេះជង្រុកយ៉ាងសន្ធោសន្ធៅ។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី ៤ ខែសីហា នៅតំបន់ Fort Bend County រដ្ឋ Texas សហរដ្ឋអាមេរិក។ ខណៈពេលដែលភ្លើងកំពុងចាប់ផ្តើមឆាបឆេះនៅក្នុងជង្រុកសត្វ ក្ងាន Goosey អាយុទើបតែ ៤ ខែ បានរត់ចេញមកខាងក្រៅ ហើយបន្លឺសំឡេងស្រែកយ៉ាងខ្លាំងៗដដែលៗ ដែលសំឡេងខុសប្រក្រតីនេះបានដាស់លោក Bert Gerber ដែលកំពុងដេកលក់នៅលើសាឡុងបន្ទាប់ពីមើលទូរទស្សន៍រួចឱ្យភ្ញាក់ឡើង។
នៅពេលរត់ចេញមកក្រៅ ម្ចាស់ផ្ទះរូបនេះបានប្រទះឃើញផ្សែង និងអណ្តាតភ្លើងកំពុងហុយទ្រលោមចេញពីជង្រុក ទើបលោកប្រញាប់យកទុយោទឹកមកបាញ់ពន្លត់ភ្លាមៗ។ ជាលទ្ធផល អគ្គិភ័យត្រូវបានគ្រប់គ្រង និងពន្លត់ទាន់ពេលវេលា រីឯសត្វចិញ្ចឹមទាំងអស់នៅក្នុងនោះ រួមមានមាន់ ទួរគី និងមាន់គក ត្រូវបានសង្គ្រោះដោយសុវត្ថិភាព ដោយគ្មានសត្វណាមួយរងរបួសឡើយ។ លោក Gerber បានបញ្ជាក់ថា ប្រសិនបើគ្មានសំឡេងស្រែកដាស់របស់ Goosey ទេ តែ ២ ទៅ ៣ នាទីទៀត ភ្លើងច្បាស់ជារាលដាលដល់កម្រិតដែលមិនអាចគ្រប់គ្រងបានឡើយ។
គួររំលឹកផងដែរថា Goosey ទើបតែត្រូវបានគ្រួសារនេះយកមកចិញ្ចឹមបានរយៈពេល ៤ ខែប៉ុណ្ណោះ បន្ទាប់ពីកូនស្រីរបស់ពួកគេបានលង់ស្រឡាញ់វានៅក្នុងពិព័រណ៍បសុបក្សីមួយ។ គ្រួសារ Gerber បានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ Goosey ដែលបានក្លាយជាអ្នកសង្គ្រោះជីវិត និងការពារផ្ទះសម្បែងរបស់ពួកគេពីគ្រោះមហន្តរាយដ៏ធំមួយនេះ៕
