ក្រុមពន្លត់អគ្គិភ័យប្រចាំរដ្ឋ Georgia សហរដ្ឋអាមេរិក បានសហការគ្នាយ៉ាងស្វិតស្វាញក្នុងបេសកកម្មជួយសង្គ្រោះសត្វសេះមួយក្បាល
ដែលមានទម្ងន់រហូតដល់ទៅ ១,៦០០ ផោន (ប្រហែល ៧២៥ គីឡូក្រាម) បន្ទាប់ពីវាបានរអិលដួលដេកផ្អៀងខ្លួន
និងជាប់គាំងមិនអាចក្រោកឡើងវិញបាន នៅក្នុងអូរទឹកខាងក្រោយដីរបស់ម្ចាស់វាកាលពីថ្ងៃអង្គារកន្លងទៅ។
យោងតាមការបង្ហោះលើបណ្តាញសង្គមរបស់នាយកដ្ឋានពន្លត់អគ្គិភ័យ
Forsyth County បានឱ្យដឹងថា ក្រុមសង្គ្រោះ Rescue 12 ត្រូវបានកោះហៅជាបន្ទាន់ទៅកាន់ទីតាំងកើតហេតុ ក្រោយពីម្ចាស់សេះបានប្រទះឃើញសត្វចិញ្ចឹមរបស់ខ្លួនស្ថិតក្នុងស្ថានភាពអស់កម្លាំង
និងមិនអាចងើបឈរដោយខ្លួនឯងបាននៅក្នុងទឹកអូរ។
ដោយសារតែសេះមានទំហំធំ និងទម្ងន់ធ្ងន់ខ្លាំង ក្រុមការងារបានស្នើសុំជំនួយបន្ថែមភ្លាមៗពីក្រុមបច្ចេកទេសសង្គ្រោះសត្វធំៗ
(Technical Large Animal Rescue Team) នៃនាយកដ្ឋានពន្លត់អគ្គិភ័យ
Cherokee County។
«ក្រុមការងារនៃនាយកដ្ឋានទាំងពីរបានរួមដៃគ្នាយ៉ាងសកម្មអស់រយៈពេលជាង
៥ ម៉ោង ដោយបានសាកល្បងប្រើប្រាស់យុទ្ធសាស្ត្រ និងវិធីសាស្ត្រជាច្រើនដើម្បីជួយលើកសត្វសេះនោះ។
ជាចុងក្រោយ ពួកយើងបានសម្រេចប្រើប្រាស់ឧបករណ៍ជន្ទល់ជើងបីពិសេស (Tripod) សម្រាប់លើកសត្វធំៗរបស់ Cherokee
ទើបអាចទាញ
និងជួយឱ្យសេះនោះឈរលើជើងរបស់វាបានសម្រេច» នេះបើតាមការបញ្ជាក់នៅក្នុងការបង្ហោះ។
ក្រោយពេលជួយសង្គ្រោះបានជោគជ័យ ពេទ្យសត្វជំនាញបានចុះពិនិត្យស្ថានភាពសុខភាពរបស់វាផ្ទាល់នៅកន្លែងកើតហេតុភ្លាមៗ។
ក្រោយពីជើងរបស់វាចាប់ផ្តើមដឹងកម្លាំង និងមានអារម្មណ៍ឡើងវិញ សេះដ៏កម្សត់រូបនេះក៏អាចបោះជំហានដើរត្រឡប់ចូលទៅកាន់ទ្រុងរបស់ខ្លួនវិញដោយសុវត្ថិភាព៕




