ផ្ទុះការរិះគន់ J-Hope (BTS) ក្រោយនិយាយពីតម្លៃខ្សែដៃ

កំពូលតារាចម្រៀង K-Pop J-Hope សមាជិកក្រុម BTS កំពុងធ្លាក់ចូលក្នុងរលកនៃការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកនិយមលេងបណ្ដាញសង្គម បន្ទាប់ពីការលើកឡើងរបស់លោកអំឡុងពេល Live ផ្ទាល់ ត្រូវបានគេយកមកផ្ទឹមជាមួយវីដេអូបង្ហាញពីការប្រើប្រាស់សម្ភារៈម៉ាកល្បីៗ (Brand-name)។

ដើមចមនៃរឿងរ៉ាវនេះបានផ្ទុះឡើង ក្រោយពេលវីដេអូមួយត្រូវបានចែកចាយលើបណ្ដាញសង្គម ដោយបង្ហាញពីការប្រមូលទិញនាឡិកាដៃប្រណីតៗតម្លៃកប់ពពកជាច្រើនគ្រឿងរបស់ J-Hope។ ទន្ទឹមនឹងនោះ មហាជនបានទាញភ្ជាប់ទៅកាន់ការ Live នាពេលថ្មីៗនេះ នៅពេលដែលលោកបាននិយាយរៀបរាប់អំពីខ្សែដៃសប្បុរសធម៌ម៉ាក Louis Vuitton (សម្រាប់អង្គការ UNICEF) ដែលលោកបានទិញ ដោយបានបង្ហាញការភ្ញាក់ផ្អើលចំពោះតម្លៃដ៏ខ្ពស់របស់វា។

ការលើកឡើងនេះបានធ្វើឱ្យមតិមួយចំនួនមិនពេញចិត្ត និងបានរិះគន់ចំៗថា តារាប្រុសរូបនេះមានលទ្ធភាពទិញ និងពាក់នាឡិកាដៃប្រណីតៗតម្លៃរាប់សែនដុល្លារ ប៉ុន្តែបែរជាមក «រអ៊ូរទាំ» ឬបង្ហាញការភ្ញាក់ផ្អើលចំពោះតម្លៃខ្សែដៃសប្បុរសធម៌ ដែលជាការជួយសង្គមទៅវិញ។

ចំពេលដែលតារារូបនេះកំពុងស្ថិតក្រោមការតាមដានពីបញ្ហាចម្រូងចម្រាសកន្លងមក គ្រប់សកម្មភាព និងពាក្យសម្ដីរបស់លោកកំពុងត្រូវបានមហាជនយកមកវែកញែកយ៉ាងល្អិតល្អន់ និងបង្កើតជាមតិផ្ទុយគ្នាយ៉ាងក្តៅគគុកនៅលើបណ្ដាញសង្គម។

Previous Post Next Post

Contact Form