ការសម្ដែងបែបមនោសញ្ចេតនាលើបណ្ដាញសង្គមមួយនៅក្នុងទីក្រុង Gwalior ប្រទេសឥណ្ឌា បានបញ្ចប់ទៅដោយការរងការពិន័យប្រាក់ចំនួន ៥ ៥០០ រូពី (ប្រមាណ ៦៦ ដុល្លារ) ការចាត់វិធានការពីប៉ូលិស និងការបង្ខំឱ្យលាងសម្អាតរថយន្ត បន្ទាប់ពីរថយន្តរបស់បុរសម្នាក់ត្រូវបានស្រោបពេញដោយស្នាមថើបក្រែមលាបមាត់ប្រមាណ ៣ ៤០០ កន្លែង។
ការតុបតែងរថយន្តដ៏ប្លែកភ្នែកនេះ ត្រូវបានគេរាយការណ៍ថាទទួលបានការបំផុសគំនិតពី Trend លើបណ្ដាញសង្គមបរទេស ដោយបានចំណាយពេលជាច្រើនម៉ោងដើម្បីរៀបចំ មុនពេលវីដេអូនោះបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងលើអ៊ីនធឺណិត។
រថយន្តនេះជាកម្មសិទ្ធិរបស់អ្នករស់នៅទីក្រុង Gwalior ឈ្មោះ Aditya Sikarwar ដែលបានបញ្ជាក់ថាមិត្តស្រីរបស់លោកជាអ្នកបង្កើតស្នាមក្រែមទាំងនេះឡើង ក្នុងគោលបំណងធ្វើវីដេអូប្លែកៗសម្រាប់បណ្ដាញសង្គម។
លោក Sikarwar បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា លោកបានចតរថយន្តចោលមួយអន្លើ ខណៈមិត្តស្រីរបស់លោកបានយកក្រែមលាបមាត់មកផ្ដិតជារូបស្នាមថើបពេញតួឡាន។ ក្រោយមក លោកបានបង្ហោះវីដេអូនោះលើ Instagram ក្នុងបំណងឱ្យមានការចាប់អារម្មណ៍។
លោកបានបន្ថែមថា មិត្តស្រីរបស់លោកបានចំណាយពេលប្រហែលពី ៣ ម៉ោងកន្លះ ទៅ ៤ ម៉ោង ដើម្បីផ្ដិតស្នាមក្រែមប្រមាណ ៣ ៤០០ កន្លែងលើរថយន្ត។ ស្នាមក្រែមទាំងនោះបានគ្របដណ្ដប់ស្ទើរតែពាសពេញរថយន្ត រួមមានទ្វារ គម្របមុខ គម្របក្រោយ និងសសររថយន្ត ដែលប្រែក្លាយរថយន្តនោះទៅជាផ្ទាំងគំនូរចល័តមួយ។
វីដេអូផ្ទុះការចាប់អារម្មណ៍ ទាក់ទាញចំណាត់ការពីសមត្ថកិច្ច
ដើមឡើយ សកម្មភាពនេះហាក់ដូចជាការទាក់ទាញការចាប់អារម្មណ៍លើអ៊ីនធឺណិតធម្មតាប៉ុណ្ណោះ ប៉ុន្តែវីដេអូនោះបានទាក់ទាញចំណាប់អារម្មណ៍របស់ប៉ូលិសចរាចរណ៍ទីក្រុង Gwalior យ៉ាងលឿន។
អធិការនគរបាលចរាចរណ៍លោក Abhishek Raghuvanshi បានឱ្យដឹងថា វីដេអូដែលបង្ហាញពីរថយន្តស្រោបដោយស្នាមក្រែមបានផ្ទុះកាលពីពីរថ្ងៃមុន ខណៈគេឃើញរថយន្តនោះកំពុងបើកបរក្នុងតំបន់ City Centre។
សមត្ថកិច្ចបានតាមដានរថយន្តនោះតាមរយៈវីដេអូលើបណ្ដាញសង្គម រហូតរកឃើញនៅក្នុងតំបន់ Thatipur។ យោងតាមទីភ្នាក់ងារសារព័ត៌មាន ANI រថយន្តនេះត្រូវបានឃាត់ទុកក្រោមប្រតិបត្តិការ «Operation Eagle» បន្ទាប់ពីកំណត់អត្តសញ្ញាណបានពីវីដេអូ Instagram។
មូលហេតុដែលម្ចាស់រថយន្តរងការពិន័យ
ប៉ូលិសបានចេញប័ណ្ណពិន័យជាប្រាក់ចំនួន ៥ ៥០០ រូពី លើលោក Sikarwar ពីបទកែច្នៃទ្រង់ទ្រាយយានយន្ត ដោយផ្អែកលើបទប្បញ្ញត្តិនៃច្បាប់យានយន្ត និងការបំពានច្បាប់ចរាចរណ៍។
មន្ត្រីសមត្ថកិច្ចក៏បានបញ្ជាឱ្យលោកលុបស្នាមក្រែមទាំងអស់ចេញពីរថយន្តផងដែរ។ ក្រោយមក រថយន្តត្រូវបានជូត និងលាងសម្អាតស្នាមក្រែមចេញពីតួឡានទាំងស្រុង។ ទីភ្នាក់ងារ ANI បានចាត់ទុកចំណាត់ការនេះថាជាការឆ្លើយតបទៅនឹងការសម្ដែងសកម្មភាពគ្រោះថ្នាក់លើដងផ្លូវសាធារណៈ។
ម្ចាស់រថយន្តបញ្ជាក់ថាមិនបានដឹងថាវាខុសច្បាប់
លោក Sikarwar បាននិយាយថា ទាំងលោក និងមិត្តស្រីសុទ្ធតែមិនបានដឹងថាការតុបតែងរថយន្តបែបនេះអាចនាំឱ្យមានទោសទណ្ឌផ្លូវច្បាប់ឡើយ។
លោកបានរៀបរាប់ថា៖ «នាងបានចំណាយពេលប្រហែល ៣ ម៉ោងកន្លះ ដើម្បីផ្ដិតស្នាមក្រែម ៣ ៤០០ កន្លែងលើឡាន ហើយបន្ទាប់មកក៏បង្ហោះវីដេអូលើបណ្ដាញសង្គម»។
ក្រោយពីសមត្ថកិច្ចចាត់វិធានការ លោក Sikarwar បានលាងសម្អាតរថយន្តទាំងមូល និងបង់ប្រាក់ពិន័យ ៥ ៥០០ រូពី។ លោកបានចាត់ទុកហេតុការណ៍នេះជាមេរៀនមួយ ដោយបញ្ជាក់ថាមិនគួរធ្វើអ្វីដែលបំពានច្បាប់នោះឡើយ។
ហេតុការណ៍នេះក៏បានបង្កឱ្យមានការជជែកដេញដោលគ្នានៅលើបណ្ដាញសង្គមផងដែរ ដោយអ្នកប្រើប្រាស់មួយចំនួនបានចោទសួរថាតើសកម្មភាពគ្រោះថ្នាក់អ្វីខ្លះដែលត្រូវបានបង្កើតឡើង ហើយការតុបតែងស្នាមក្រែមបែបសិល្បៈនេះបំពានច្បាប់ចរាចរណ៍ត្រង់ណា ខណៈអ្នកខ្លះគ្រាន់តែបញ្ចេញមតិងឿងឆ្ងល់។ រឿងរ៉ាវនេះបានក្លាយជាឧទាហរណ៍មួយទៀតដែលបង្ហាញថា Trend លើអ៊ីនធឺណិតដែលមើលទៅគ្មានគ្រោះថ្នាក់ អាចនាំមកនូវផលវិបាកដែលស្មានមិនដល់នៅពេលយកមកអនុវត្តលើដងផ្លូវសាធារណៈ៕
#WATCH | Gwalior, Madhya Pradesh: Traffic Police seized a car with lipstick marks for performing dangerous car stunts on city roads after an Instagram video went viral.
— ANI MP/CG/Rajasthan (@ANI_MP_CG_RJ) August 24, 2026
Under 'Operation Eagle,' police tracked the vehicle, issued a Rs 5,500 challan, and seized the car for traffic… pic.twitter.com/iVLGttC4Ie
