កំពុងផ្ទុះដំណឹងតារាសម្ដែងក្បាច់គុន លោក ឈិន ឡុង ស្លា.ប់

 នៅលើបណ្ដាញសង្គមមានការចែករំលែកតៗគ្នាយ៉ាងព្រោងព្រាតនូវវីដេអូ និងរូបភាពដែលអះអាងថាជាពិធីបុណ្យសពរបស់កំពូលតារាសម្ដែងក្បាច់គុនហុងកុង Jackie Chan ឬប្រជាជនកម្ពុជាស្គាល់យ៉ាងច្បាស់ថា «លោក ឈិន ឡុង» ដែលធ្វើឱ្យមហាជន និងអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល និងយល់ច្រឡំជាខ្លាំង។

ការពិតជាក់ស្ដែង៖ សុខភាពរបស់លោកនៅតែរឹងមាំ និងទើបបង្ហាញខ្លួនលើឆាក

តាមការផ្ទៀងផ្ទាត់ព័ត៌មានជាក់ស្ដែង ពុំមានសេចក្ដីប្រកាសផ្លូវការណាមួយពីក្រុមគ្រួសារ អ្នកតំណាង ឬប្រភពសារព័ត៌មានអន្តរជាតិធំៗដែលបញ្ជាក់ថាតារាសម្ដែងវ័យ ៧២ ឆ្នាំរូបនេះបានទទួលមរណភាពនោះឡើយ។ ផ្ទុយទៅវិញ កាលពីថ្ងៃទី ១២ ខែសីហាកន្លងទៅថ្មីៗនេះ លោក ឈិន ឡុង ទើបតែបានបង្ហាញវត្តមានផ្ទាល់យ៉ាងស្វាហាប់ និងរីករាយនៅលើឆាក ក្នុងពិធីបិទកម្មវិធី «The 7th Jackie Chan International Action Film Week» នៅទីក្រុង Harbin ប្រទេសចិន ជាមួយសមាជិកក្រុមការងាររបស់លោកយ៉ាងច្រើនកុះករ ដែលបង្ហាញយ៉ាងច្បាស់ថាលោកមានសុខភាពល្អ និងគ្មានបញ្ហាអ្វីទាំងអស់។

រូបភាព និងវីដេអូបុណ្យសព សុទ្ធតែជាការកាត់តដោយបច្ចេកវិទ្យា AI

ចំពោះរូបភាពដែលបង្ហាញថាលោកកំពុងគេងលើគ្រែពេទ្យឱបតុក្កតាខ្លាឃ្មុំផេនដា (Panda) ភ្ជាប់ជាមួយអក្សរ «R.I.P» រួមទាំងវីដេអូក្បួនដង្ហែសពដែលកំពុងចរាចរលើបណ្ដាញសង្គមនោះ ត្រូវបានរកឃើញថាជា រូបភាព និងវីដេអូកាត់តប្រឌិតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ទាំងស្រុង ដើម្បីទាក់ទាញការចូលមើល (View) និងការចាប់អារម្មណ៍តែប៉ុណ្ណោះ។ នេះក៏មិនមែនជាលើកទីមួយដែរដែលតារាល្បីឈ្មោះរូបនេះ ត្រូវបានជនអនាមិកយកឈ្មោះទៅបង្កើតជាព័ត៌មានមរណភាពក្លែងក្លាយបែបនេះ។

អាស្រ័យហេតុនេះ អ្នកនិយមប្រើប្រាស់បណ្ដាញសង្គមទាំងអស់ គួរតែមានការប្រុងប្រយ័ត្នខ្ពស់ ពិនិត្យកាលបរិច្ឆេទ ប្រភពព័ត៌មាន និងសេចក្ដីប្រកាសផ្លូវការឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តចុចចែករំលែក (Share) បន្ត ដើម្បីជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់នៃព័ត៌មានមិនពិត៕

Previous Post Next Post

Contact Form