នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក នឹងចូលចតនៅប្រទេសថៃ

 នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក USS Abraham Lincoln ត្រូវបានគ្រោងនឹងចូលចតនៅប្រទេសថៃនៅសប្តាហ៍ក្រោយ ដើម្បីផ្តល់ឱកាសឱ្យកងទ័ពជើងទឹកបានសម្រាក និងលំហែកាយ បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីស្ថានភាពលំបាក និងបញ្ហាសុខភាពផ្លូវចិត្តរបស់កងទ័ពនៅលើនាវា។

នាវាផ្ទុកយន្តហោះចម្បាំងមួយនេះបានចាកចេញពីតំបន់មជ្ឈិមបូព៌ាកាលពីថ្ងៃសៅរ៍។ នាវានេះបានចំណាយពេលលើផ្ទៃសមុទ្រដោយមិនបានចូលចតនៅកំពង់ផែណាមួយសោះអស់រយៈពេលជាង ២០០ ថ្ងៃ ដែលជាការបំបែកកំណត់ត្រាថ្មីនៃការចំណាយពេលជាប់ៗគ្នានៅលើសមុទ្រ។

ជាទូទៅ ការបំពេញបេសកកម្មតាមផ្លូវទឹកធម្មតាមានរយៈពេលចន្លោះពី ៦ ទៅ ៩ ខែ ប៉ុន្តែជម្លោះប្រដាប់អាវុធជាក់ស្តែងអាចបណ្តាលឱ្យមានការពន្យារពេលបន្ថែម។

មន្ត្រីថៃម្នាក់បានថ្លែងកាលពីថ្ងៃអង្គារថា នាវាដែលផ្ទុកកងទ័ពជើងទឹក និងកងម៉ារីនប្រមាណ ៥,០០០ នាក់រូបនេះ នឹងមកដល់ប្រទេសថៃនៅសប្តាហ៍ក្រោយ ដើម្បី «សម្រាក និងលំហែកាយ បន្ទាប់ពីការធ្វើដំណើរកាត់សមុទ្រដ៏វែងឆ្ងាយ»។

កងទ័ពជើងទឹកថៃបានបញ្ជាក់ថា ក្រុមនាវាប្រយុទ្ធផ្ទុកយន្តហោះចម្បាំងរបស់កងទ័ពជើងទឹកអាមេរិក នឹងចូលចតមួយរយៈពេលខ្លីនៅភាគខាងកើតប្រទេសថៃ ដើម្បីសម្រាក និងស្តារកម្លាំងឡើងវិញ ដោយមិនមានការធ្វើសមយុទ្ធយោធាណាមួយឡើយ។ ដោយលើកឡើងពីកង្វល់ផ្នែកសន្តិសុខ ភាគីថៃមិនបានបញ្ជាក់អត្តសញ្ញាណនៃនាវាទាំងបីគ្រឿង ឬកំណត់កាលបរិច្ឆេទជាក់លាក់នៃដំណើរទស្សនកិច្ចនេះនៅឡើយទេ៕ ប្រភព៖ independent

Previous Post Next Post

Contact Form