Pokemon ចាត់វិធានការក្តៅលើការដាក់លក់កាតគម្រប់ខួប ៣០ ឆ្នាំមុនកាលកំណត់ ដោយសារការព្រួយបារម្ភពីរឿងទ្រព្យសម្បត្តិត្រូវចោរលួច

 ក្រុមហ៊ុន The Pokemon Company បានសហការជាមួយគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក eBay ដើម្បីលុបចោលការដាក់លក់កាតនៃឈុតពិសេស «30th Celebration» ដែលមិនទាន់ចេញលក់ជាផ្លូវការ បន្ទាប់ពីមានការសង្ស័យថាទំនិញទាំងនោះត្រូវបានលួច ឬនាំចេញពីប្រភពខុសច្បាប់។

យោងតាមគម្រោង ឈុតកាត Pokemon TCG: 30th Celebration គ្រោងនឹងចេញលក់ជាផ្លូវការដំណាលគ្នានៅទូទាំងពិភពលោកនៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៦ ខាងមុខនេះ។ កញ្ចប់ពិសេសនេះរួមមានកាត Foil ទាំងស្រុង ការបោះពុម្ពឡើងវិញនូវកាតបុរាណ កាត Pikachu ចំនួន ៣០ ប្រភេទផ្សេងៗគ្នា និងការបង្ហាញវត្តមានកាតកម្រិតកម្រថ្មី «Futuristic rare» ផងដែរ។

ទោះជាយ៉ាងណា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ កាតកម្រមួយចំនួនបានលេចធ្លាយ និងចរាចរដាក់លក់លើបណ្ដាញអ៊ីនធឺណិតយ៉ាងអនាធិបតេយ្យ។ ជាក់ស្ដែង កាលពីខែកក្កដា អ្នកលក់ជនជាតិអូស្ត្រាលីម្នាក់បានបើកកញ្ចប់កាតដែលមិនទាន់ចេញលក់លើកម្មវិធី Whatnot ហើយទទួលបានកាតអាថ៌កំបាំង RGB Mew ដែលបង្កជាការភ្ញាក់ផ្អើល និងចោទជាសំណួរពីរបៀបដែលផលិតផលទាំងនេះធ្លាក់ចូលទៅក្នុងដៃអ្នកលក់ក្រៅផ្លូវការ។

ក្រោយការអន្តរាគមន៍ពី The Pokemon Company International គេហទំព័រ eBay បានចាប់ផ្ដើមលុបការដេញថ្លៃ និងការដាក់លក់កាតទាំងឡាយណាដែលអ្នកលក់មាននៅក្នុងដៃស្រាប់ (In-hand listings) ក្រោមគោលការណ៍គ្រប់គ្រងទ្រព្យសម្បត្តិដែលត្រូវបានលួច (Stolen Property Policy)។ eBay បានបញ្ជាក់ប្រាប់អ្នកលក់ថា កាតទាំងនេះមិនទាន់ត្រូវបានអនុញ្ញាតឱ្យចែកចាយ ឬដាក់លក់ជាសាធារណៈនៅឡើយទេ ដូច្នេះទំនិញទាំងនោះអាចមានប្រភពចេញពីក្រៅខ្សែច្រវាក់ផលិតកម្ម និងចែកចាយស្របច្បាប់ ហើយអ្នកលក់មិនត្រូវដាក់លក់ឡើងវិញដោយគ្មានឯកសារបញ្ជាក់ច្បាស់លាស់ឡើយ។

បច្ចុប្បន្ន ក្រៅពីការរឹតបន្តឹងការទិញនៅប្រទេសជប៉ុនដើម្បីទប់ស្កាត់ការទិញស្តុកទុកកេងចំណេញ (Scalping) ក្រុមហ៊ុន Pokemon កំពុងបន្តស៊ើបអង្កេតយ៉ាងតឹងរ៉ឹង ដើម្បីស្វែងរកប្រភពដើមនៃការលេចធ្លាយកាតទាំងនេះ និងការពារទីផ្សារស្របច្បាប់សម្រាប់អ្នកគាំទ្រទូទាំងពិភពលោក៕

Previous Post Next Post

Contact Form