ពលរដ្ឋម៉ាឡេស៊ីត្រូវបានណែនាំឡើងវិញ លើការធ្វើដំណើរទៅកាន់ភាគខាងត្បូងប្រទេសថៃ

ពលរដ្ឋម៉ាឡេស៊ីដែលកំពុងស្នាក់នៅក្នុងខេត្ត Pattani, Yala និង Narathiwat ព្រមទាំងអ្នកដែលមានគម្រោងធ្វើដំណើរទៅកាន់ទីនោះ ត្រូវបានជំរុញឱ្យរក្សាការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីមានឧប្បត្តិហេតុអសន្តិសុខជាបន្តបន្ទាប់កើតឡើងនៅក្នុងខេត្តទាំងបីនៃភាគខាងត្បូងប្រទេសថៃ។

អគ្គកុងស៊ុលម៉ាឡេស៊ីប្រចាំខេត្ត Songkhla ប្រទេសថៃ លោក Ahmad Fahmi Ahmad Sarkawi បានមានប្រសាសន៍ថា អ្នកដែលមានគម្រោងធ្វើដំណើរទៅកាន់តំបន់រងផលប៉ះពាល់ ត្រូវបានណែនាំឱ្យពិចារណាឡើងវិញចំពោះការធ្វើដំណើរណាដែលមិនសូវចាំបាច់។

លោកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ពលរដ្ឋម៉ាឡេស៊ីក៏ត្រូវបានណែនាំឱ្យជៀសវាងតំបន់ដែលរងផលប៉ះពាល់ដោយឧប្បត្តិហេតុអសន្តិសុខ ការធ្វើបាតុកម្ម ឬការជួបជុំធំៗ ហើយត្រូវគោរពតាមការណែនាំរបស់អាជ្ញាធរថៃ រួមទាំងបម្រាមគោចរ ការបិទផ្លូវ និងការត្រួតពិនិត្យសន្តិសុខផងដែរ»

កន្លងមក ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ខេត្ត Narathiwat ត្រូវបានដាក់ឱ្យស្ថិតក្រោមបម្រាមគោចរចាប់ពីម៉ោង ១០:១៥ យប់ថ្ងៃទី ២២ ខែសីហា ដល់ម៉ោង ៥:០០ ព្រឹកថ្ងៃទី ២៣ ខែសីហា បន្ទាប់ពីមានហេតុការណ៍អសន្តិសុខជាង ៥០ ករណីកើតឡើង រួមទាំងការបំផ្ទុះគ្រាប់បែក និងការដុតបំផ្លាញការិយាល័យរដ្ឋបាលមូលដ្ឋាន ព្រមទាំងកង់ឡាននៅក្នុងខេត្តទាំងបី។

លោក Ahmad Fahmi ក៏បានជំរុញឱ្យពលរដ្ឋម៉ាឡេស៊ីជៀសវាងការធ្វើដំណើរនៅពេលយប់ក្នុងតំបន់ដែលរងផលប៉ះពាល់ តាមដានសេចក្តីប្រកាសផ្លូវការ និងជូនដំណឹងដល់សមាជិកគ្រួសារអំពីគម្រោងធ្វើដំណើររបស់ពួកគេជានិច្ច។

ទន្ទឹមនឹងនេះ លោកបានណែនាំដល់ពលរដ្ឋម៉ាឡេស៊ីដែលបើកបរចូលប្រទេសថៃ ត្រូវយកតាមខ្លួននូវប័ណ្ណបើកបរច្បាប់ដើម (កាតរឹង) ដោយកុំពឹងផ្អែកតែលើប័ណ្ណបើកបរឌីជីថលនៅលើកម្មវិធីទូរស័ព្ទ MyJPJ ឡើយ៖

  • ឯកសារសំខាន់ៗរួមមាន ប័ណ្ណសម្គាល់យានយន្ត (កាតគ្រី) ធានារ៉ាប់រង និងឯកសារតម្រូវផ្សេងទៀត គួរតែយកតាមខ្លួនជាប់រហូតក្នុងអំឡុងពេលធ្វើដំណើរ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការត្រួតពិនិត្យរបស់អាជ្ញាធរ។

  • ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាព ឬមួកសុវត្ថិភាពឱ្យបានជាប់លាប់ និងគោរពច្បាប់ចរាចរណ៍របស់ថៃឱ្យបានខ្ជាប់ខ្ជួន។

លោក Ahmad Fahmi បានបន្ថែមថា បច្ចុប្បន្នអាជ្ញាធរថៃកំពុងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍យ៉ាងតឹងរ៉ឹង រួមទាំងលើយានយន្តដែលមានស្លាកលេខម៉ាឡេស៊ីផងដែរ ខណៈអ្នកបើកបរម៉ាឡេស៊ីមួយចំនួនត្រូវបានផាកពិន័យរួចហើយ ដោយសារបញ្ហាឯកសារ និងការល្មើសច្បាប់ចរាចរណ៍៕ ប្រភព៖ themalaysianreserve

Previous Post Next Post

Contact Form