Seo Ye Ji ត្រៀមត្រឡប់មកសម្ដែងជាថ្មីក្នុងរឿងបែបរន្ធត់ បន្ទាប់ពីបាត់មុខ ៣ឆ្នាំពីវិស័យភាពយន្ត

ផ្អែកតាម SPOTV News កាលពីថ្ងៃទី ៨ ខែឧសភានេះ ទីភ្នាក់ងារ Sublime បានបញ្ជាក់ថា Seo Ye Ji កំពុងពិចារណាទទួលការងារសម្ដែងជាតួឯកក្នុងរឿងថ្មី Forest of Humans ដោយបច្ចុប្បន្ន ក្រុមការងារកំពុងតែពិនិត្យមើលលើអត្ថបទភាពយន្ត។
នេះអាចជាការវិលត្រឡប់មកទទួលការងារសម្ដែងលើកដំបូងរបស់នាង បន្ទាប់ពីរឿងចុងក្រោយដែលមានចំណងជើងថា Eve បានចាក់ផ្សាយតាំងតែពីឆ្នាំ ២០២២។ រឿងថ្មីចំណងជើងថា Forest of Humans នេះ ជារឿងបែបរន្ធត់ដ៏ល្បីរបស់ Webtoon ផ្ដោតលើអំពើហិង្សា និងការស្លាប់ ដែលកើតឡើងនៅកន្លែងស្នាក់នៅរបស់ឃាតករោគចិត្ត ក្នុងគោលបំណងប្រមូលមនុស្សទាំងនោះមកធ្វើពិសោធន៍ឱ្យក្លាយជាមនុស្សខ្វិន។
ទន្ទឹមគ្នានឹងការវិលមកកាន់តំណែងជាតួឯកវិញ មហាជនបានបង្ហាញការយល់ឃើញផ្សេងគ្នា។ ទស្សនិកជនមួយផ្នែកបានប្រាប់ពីអារម្មណ៍រីករាយ ព្រមទាំងលើកទឹកចិត្តតារាស្រីរូបនេះ ដោយទន្ទឹងរង់ចាំទស្សនាស្នាដៃថ្មីរបស់នាង។ យ៉ាងណាមិញ ទស្សនិកជនមួយផ្នែកទៀត នៅតែបង្ហាញការមិនពេញចិត្តរបស់ខ្លួន ដោយយោងរឿងនេះទៅនឹងបញ្ហារឿងអាស្រូវក្នុងពេលកន្លងមក។

សូមរំឭកផងដែរថា កាលពីខែមិថុនា ឆ្នាំ ២០២៤ Seo Ye Ji បានចុះកិច្ចសន្យាផ្ដាច់មុខជាមួយនឹងទីភ្នាក់ងារថ្មី Sublime និងចាប់ផ្ដើមបន្តសកម្មភាពការងាររបស់ខ្លួនបណ្ដើរៗ បន្ទាប់ពីសម្រាកអស់ពេលជាង ៣ឆ្នាំ ដូចជាការចូលរួមក្នុងកម្មវិធី SNL Korea កាលពីខែមេសា នេះជាដើម ៕
Previous Post Next Post

Contact Form