ក្រោយទទូលបានការចាប់អារម្មណ៍យ៉ាងច្រើនតាមរយៈការបង្ហាញខ្លួនលើកម្រាលព្រំនៃកម្មវិធី Met Gala នៅពេលនេះស្រីស្អាត ROSÉ ក៏បានបង្ហាញស្នាដៃលក្ខណៈអន្តរជាតិមួយទៀត គឺវីដេអូចម្រៀងសម្រាប់ភាពយន្តហូលីវូដ F1 របស់តារាសម្ដែង Brad Pitt។ បទចម្រៀង និងវីដេអូចម្រៀងដែលបានចេញកាលពីយប់ថ្ងៃទី ៨ ខែឧសភាកន្លងទៅនេះបានក្លាយជាការច្រៀង ចម្រៀងសម្រាប់ខ្សែភាពយន្តជាលើកដំបូងរបស់នាង។
F1 គឺជាភាពយន្តនិយាយពីរឿងរ៉ាវរបស់ Sonny Hayes (សម្ដែងដោយ Brad Pitt) ដែលជាអ្នកបើកឡានប្រណាំង Formula One ដ៏ល្បីល្បាញក្នុងទសវត្សរ៍ទី ៩០ ប៉ុន្តែមានថ្ងៃមួយលោកបានជួបគ្រោះថ្នាក់ ដូច្នេះហើយក៏ត្រូវសម្រាកជាច្រើនឆ្នាំ។ ប៉ុន្តែនៅទីបំផុត លោកបានសម្រេចចិត្តវិលចូលវិស័យប្រណាំងឡានវិញបន្ទាប់ពីត្រូវបានមិត្តភក្តិបបួលឱ្យមកជួយស្តារក្រុមដែលកំពុងមានបញ្ហា។ ក្នុងនោះ តួអង្គរបស់លោកនឹងត្រូវប្រឈមមុខនឹងរឿងរ៉ាវជាច្រើន រួមទាំងទំនាក់ទំនងស្នេហាដ៏ស្មុគស្មាញ ដូចអត្ថន័យបទចម្រៀង Messy ដែល ROSÉ បានច្រៀង។
ក្នុងបទនេះដែរ ROSÉ មិនត្រឹមតែជាអ្នកចម្រៀងប៉ុណ្ណោះទេ ប៉ុន្តែនាងក៏មានឈ្មោះជាអ្នកនិពន្ធមួយផងដែរ។ វីដេអូចម្រៀងនេះដែរត្រូវបានគេរាយការណ៍ថាបានចាប់ផ្ដើមថតកាលពីខែមុន ព្រោះកាលពី៣សប្ដាហ៍មុនមានអ្នកគាំទ្រមួយចំនួនបានថតរូបភាពដែលនាងកំពុងថតនៅតាមដងផ្លូវនៃទីក្រុង Las Vegas។
គួរបញ្ជាក់ថា អាល់ប៊ុមចម្រៀងសម្រាប់ភាពយន្ត F1 ក៏មានបទចម្រៀងរបស់សិល្បករលំដាប់ពិភពលោកជាច្រើនទៀតដូចជា Ed Sheeran, RAYE, Tate McRae, Madison Beer, Peggy Gou, Sexyy Red និងតារាជាច្រើនរូបទៀត ដោយអាល់ប៊ុមពេញនឹងត្រូវចេញនៅថ្ងៃទី ២៧ ខែមិថុនា ដែលជាថ្ងៃដំបូងនៃការចេញបញ្ចាំងភាពយន្តនេះ។
សម្រាប់ ROSÉ បទ “Messy” គឺជាការចេញស្នាដៃថ្មីដំបូងរបស់នាងចាប់តាំងពីអាល់ប៊ុមទោលដំបូង Rosie បានចេញកាលពីខែធ្នូ និងបានឈានដល់លេខ ៣ នៅលើតារាង Billboard 200។ ពីអាល់ប៊ុមនេះដែរ បទ “APT” ដែលមានការសហការជាមួយ Bruno Mars ដែលបានជាប់នៅចំណាត់ថ្នាក់លេខ១ រហូតដល់ ១២ សប្តាហ៍នៅលើតារាង Billboard Global 200 ៕
សម្រាប់ ROSÉ បទ “Messy” គឺជាការចេញស្នាដៃថ្មីដំបូងរបស់នាងចាប់តាំងពីអាល់ប៊ុមទោលដំបូង Rosie បានចេញកាលពីខែធ្នូ និងបានឈានដល់លេខ ៣ នៅលើតារាង Billboard 200។ ពីអាល់ប៊ុមនេះដែរ បទ “APT” ដែលមានការសហការជាមួយ Bruno Mars ដែលបានជាប់នៅចំណាត់ថ្នាក់លេខ១ រហូតដល់ ១២ សប្តាហ៍នៅលើតារាង Billboard Global 200 ៕