ខណៈដែល Liam Payne បានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុដោយមិនបានសរសេរបណ្ដាំមរតកទុកជាមុន ទ្រព្យសម្បត្តិប្រមាណ ២៤លានផោន ឬ ៣២លានដុល្លារអាមេរិកបានធ្លាក់ទៅលើកូនប្រុសអាយុ ៨ឆ្នាំរបស់លោក និងតារាស្រី Cheryl Tweedy ជាហេតុដែលអតីតគូស្នេហ៍រូបនេះ បានក្លយជាអ្នកគ្រប់គ្រង។
ជាក់ស្ដែង សមាជិកក្រុម One Direction និង គូស្នេហ៍សមាជិកក្រុម Girls Aloud បានទាក់ទងគ្នាជាផ្លូវការនៅចន្លោះឆ្នាំ ២០១៦ រហូតដល់ឆ្នាំ ២០១៨។ ដ្បិតមិនមានពិធីមង្គលការក្ដី តែទាំងពីរមានកូនប្រុសម្នាក់រួមគ្នា មានឈ្មោះថា Bear ដែលបានកើតនៅក្នុងខែមីនា ឆ្នាំ២០១៧។
ដោយហេតុថា ច្បាប់នៃចក្រភពអង់គ្លេសបានចែងថា ក្នុងករណីដែលអ្នកស្លាប់មិនបានធ្វើបណ្ដាំមរតកទុកមុន ទ្រព្យសម្បត្តិទាំងអស់នឹងធ្លាក់ទៅជារបស់គូស្វាមី ឬភរិយាតាមផ្លូវច្បាប់ជាអ្នកដំបូង ឯកូនៗជាអ្នកបន្ទាប់ ទើបបានជាទ្រព្យសម្បត្តិនេះ គឺជារបស់ Bear។ យ៉ាងណាមិញ ព្រោះតែ Bear នៅមិនទាន់គ្រប់អាយុនៅឡើយ ទើប Cheryl Tweedy ទទួលសិទ្ធិគ្រប់គ្រងទ្រព្យទាំងនោះ ក្នុងនាមជាអាណាព្យាបាល។
The Guardian បានរាយការណ៍ថា ទ្រព្យសម្បត្តិជាអចលនទ្រព្យ និងទ្រព្យដទៃទៀតរបស់ Liam Payne មានតម្លៃសរុបជិត ៣៧លាន ៩សែនដុល្លារអាមេរិក ក៏ប៉ុន្តែបន្ទាប់ពីកាត់ថ្លៃចំណាយ និងបំណុលអស់ហើយ ទ្រព្យនេះសល់តម្លៃត្រឹម ៣២លានដុល្លារអាមេរិក។ ក្រៅពី តារាស្រីវ័យ ៤១ឆ្នាំ មេធាវីល្បីឈ្មោះក្នុងឧស្សាហកម្មតន្ត្រី លោក Richard Mark Bray ក៏មានចំណែកក្នុងការមើលថែទ្រព្យទាំងនេះផងដែរ។
សូមរំឭកដល់ខែតុលា ឆ្នាំ២០២៤ Liam Payne បានទទួលមរណភាពក្នុងវ័យ ៣១ឆ្នាំ ដោយសារតែធ្លាក់ពីលើយ៉រសណ្ឋាគារ CasaSur Palermo ក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។ ក្រោយធ្វើកោសល្យវិច័យ បានរកឃើញថាតារាប្រុសរូបនេះមានផ្ទុកសារធាតុញៀនជាច្រើនប្រភេទនៅក្នុងរាងកាយរបស់លោក រហូតដល់មានការចាប់ខ្លួនបុរស ៣នាក់ដែលជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន៕