Chan Ka Sin បញ្ចេញរូបថតទាក់ទាញ បង្អួតរាងស្អាតគ្រប់កន្លែង

អតីតពិធីការិនីព័ត៌មានល្បីឈ្មោះរបស់ទូរទស្សន៍ TVB នាង Chan Ka Sin (陳嘉倩) ដែលបានប្រកាសរៀបការក្លាយជាភរិយាគេកាលពីឆ្នាំមុន និងបានផ្លាស់ទៅរស់នៅប្រទេសជប៉ុនជាមួយស្វាមីជនជាតិជប៉ុនលោក TOMO នោះ ថ្មីៗនេះបានដើរតួជាមគ្គុទ្ទេសក៍ទេសចរណ៍ ដោយបានចែករំលែករូបភាពដំណើរកម្សាន្តនៅលើបណ្តាញសង្គម ទៅកាន់កោះធម្មជាតិ «Hatsushima» ដែលជាកោះធម្មជាតិតែមួយគត់មានមនុស្សរស់នៅក្នុងខេត្ត Shizuoka ដោយនាំអ្នកនិយមលេងអ៊ីនធឺណិតទៅទស្សនាកោះប្រធានបទ «ផ្លែក្រូចឆ្មារលឿង» ដ៏ពោរពេញដោយបរិយាកាសរដូវក្តៅ។

Chan Ka Sin ផ្លាស់ប្តូរពីរម៉ូដ បង្ហាញចង្កេះរាងស្ដើង និងជើងសរលោងស្រឡូន

ក្រៅពីទេសភាពស្រស់ត្រកាល ការតុបតែងខ្លួនរបស់ Chan Ka Sin ក៏បានក្លាយជាចំណុចចាប់អារម្មណ៍របស់អ្នកនិយមលេងអ៊ីនធឺណិតផងដែរ។ នាងបានបង្ហោះរូបថតស្អាតៗពោរពេញដោយថាមពលនៃរដូវក្តៅ ដែលទាក់ទាញក្រសែភ្នែកយ៉ាងខ្លាំង។

Chan Ka Sin បានស្លៀកអាវវាលក្លៀកផ្កាពណ៌ស្វាយផ្គួបជាមួយខោខូវប៊យខ្លី បង្ហាញចង្កេះរាងស្ដើងតូចច្រឡឹង និងជើងវែងសរលោង ព្រមទាំងម៉ូដសក់ក្រងពីរបែបគួរឱ្យស្រឡាញ់ ដែលពោរពេញដោយភាពក្មេងខ្ចី និងរស់រវើក! មិនតែប៉ុណ្ណោះ នាងថែមទាំងបានប្តូរម៉ូដសម្លៀកបំពាក់ទៅជាឈុតរ៉ូបខ្លីពណ៌ស ថតរូបពីរបីសន្លឹកបន្ថែមទៀត ដោយបង្កើននូវភាពស្រស់ស្អាត បរិសុទ្ធ និងផ្អែមល្ហែម ដែលមើលទៅមិនដឹងថានាងបានក្លាយជាភរិយាគេនោះឡើយ។

សកម្មភាព «តាមស្វែងរកពណ៌លឿង»!

Chan Ka Sin បានសរសេរសារលើបណ្តាញសង្គមណែនាំដល់អ្នកគាំទ្រថា ការធ្វើដំណើរពីរាជធានីតូក្យូទៅកាន់កោះ Hatsushima ចំណាយពេលត្រឹមតែប្រហែល ១ ម៉ោងកន្លះប៉ុណ្ណោះ ដែលស័ក្តិសមបំផុតសម្រាប់ភ្ញៀវទេសចរដែលទៅកម្សាន្តនៅតំបន់ Atami ឆ្លៀតពេលកន្លះថ្ងៃទៅទស្សនា។

នៅថ្ងៃនោះ Chan Ka Sin បានចាប់ផ្តើមសកម្មភាព «តាមស្វែងរកពណ៌លឿង» ដោយដើរថតរូបនៅតាមកន្លែងស្អាតៗដែលតុបតែងដោយពណ៌លឿងស្រស់ឆើតឆាយ រួមមានបង់អង្គុយវែងពណ៌លឿង ប្រអប់សំបុត្រពណ៌លឿង និងរូបចម្លងខ្នាតតូចនៃវិហារ «Hatsumi Shrine» ដែលបង្កប់នូវបរិយាកាសរដូវក្តៅយ៉ាងពេញទំហឹង។

នាងក៏មិនភ្លេចបំពេញតួនាទីជាមគ្គុទ្ទេសក៍ទេសចរណ៍ ដោយបានផ្តល់ព័ត៌មានទេសចរណ៍ដ៏មានប្រយោជន៍ដល់អ្នកគាំទ្រថា៖ «មកដល់កោះ Hatsushima លើកដំបូង! ជាកោះប្រធានបទផ្លែក្រូចឆ្មារដែលធ្វើដំណើរត្រឹមតែ ១ ម៉ោងកន្លះពីតូក្យូ ហើយក៏ជាកោះធម្មជាតិតែមួយគត់ដែលមានមនុស្សរស់នៅក្នុងខេត្ត Shizuoka។ មិត្តៗដែលទៅលេង Atami កុំភ្លេចទុកពេលកន្លះថ្ងៃមកលេងទីនេះណា៎!» លើសពីនេះ នាងក៏បានប្រាប់ឱ្យដឹងជាមុនដែរថា រូបថតស្អាតៗទាំងនេះគ្រាន់តែជា «Hatsushima វគ្គ ១» ប៉ុណ្ណោះ ដោយបញ្ជាក់ថានឹងមានរូបថតស្អាតៗជាច្រើនទៀតចែករំលែកជាបន្តបន្ទាប់៕

Previous Post Next Post

Contact Form