ការចែករំលែកនូវផ្ទាំងទស្សនីយភាពរូបថតសិល្បៈបុរាណមួយឈុត បានក្លាយជាប្រធានបទក្ដៅគគុកនៅលើបណ្ដាញសង្គម បន្ទាប់ពីគណនីហ្វេសប៊ុករបស់ជាងថតរូបជនជាតិវៀតណាមម្នាក់ឈ្មោះ Nguyễn Cường បានបង្ហោះរូបថតម៉ូដែលស្រី Sơn Thị Thu Hà ស្លៀកឈុតបុរាណបែបខ្មែរយ៉ាងស្រស់សោភា នៅតំបន់ត្រាវិញ (Trà Vinh) ដែលជាទឹកដីកម្ពុជាក្រោម អមជាមួយសារបញ្ជាក់ថា «nữ thần Khmer» (ទេពធីតាខ្មែរ)។
អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំងនោះ គឺនៅខាងក្រោមប្រអប់ Comment នៃការបង្ហោះរូបថតទាំងនេះ ស្រាប់តែមានវត្តមានអ្នកលេងបណ្ដាញសង្គមថៃជាច្រើន បានសម្រុកចូលទៅបញ្ចេញមតិរិះគន់ និងចោទប្រកាន់ថាជាការលួចចម្លងវប្បធម៌របស់ប្រទេសថៃទៅវិញ៖
ចោទថាលួចចម្លងម៉ូដថៃ៖ គណនីឈ្មោះ Nussara Sara Dungmai បានខំមិនថា៖ «Copy style of Chud Thai Siwalai #ChudThai» (ចម្លងស្ទីលឈុតថៃ ស៊ីវ៉ាឡៃ)។
ខំមិនបែបឌឺដងពីប្រភពសម្លៀកបំពាក់៖ គណនី Natthaya Silahom បានសរសេរបែបចំអកថា៖ «Don't let me know that I ordered from Lazada Thailand» (កុំឱ្យខ្ញុំដឹងថាជាឈុតកុម្ម៉ង់មកពី Lazada របស់ថៃឱ្យសោះ)។
បង្ហោះរូបភាពបែបប្រមាថ៖ ក្រៅពីការសរសេរសារ គណនីឈ្មោះ Tata Phonchai ថែមទាំងបានទម្លាក់រូបភាពកាត់តបែបបង្អាប់ និងឌឺដងយ៉ាងចាស់ដៃនៅក្នុងប្រអប់ Comment នោះថែមទៀតផង។
ទង្វើនៃការចូលមកបញ្ចេញមតិបែបនេះ បានបង្កឱ្យមានការជជែកដេញដោលគ្នាយ៉ាងក្តៅគគុកពីសំណាក់អ្នកលេងបណ្ដាញសង្គម ដោយសារតែទឹកដីត្រាវិញ គឺជាតំបន់ប្រវត្តិសាស្ត្រដែលសម្បូរទៅដោយវត្តអារាមបុរាណ និងបងប្អូនខ្មែរក្រោមរស់នៅយ៉ាងច្រើនកុះករ ហើយការគ្រងឈុតបុរាណខ្មែរនៅទីនោះ គឺជារឿងធម្មតាក្នុងការលើកស្ទួយអត្តសញ្ញាណ និងសិល្បៈវប្បធម៌ដើមប៉ុណ្ណោះ៕






























