ក្នុងកិច្ចសម្ភាន៍ជាមួយនឹងសារព័ត៌មាន Haute Living ដែលចេញផ្សាយកាលពីថ្ងៃទី៧ ខែឧសភានេះ Jackie Chan ឬតួឈិនឡុង នៅតែតាំងចិត្តលេងឈុតគ្រោះថ្នាក់ដោយខ្លួនឯង ព្រោះវាជាអ្វីដែលជាខ្លួនលោក និងនាំឱ្យលោកល្បីល្បាញមកដល់សព្វថ្ងៃនេះ។
នៅក្នុងឆ្នាំ ២០២៥នេះ តារាប្រុសល្បីឈ្មោះលើជំនាញប៉ិនប្រសប់ក្នុងឈុតឆាកប្រយុទ្ធរូបនេះ មានអាយុ ៧១ឆ្នាំទៅហើយ ក៏ប៉ុន្តែលោកបានបង្ហើបថា លោកនៅមិនទាន់មានគម្រោងឈប់សម្រាកពីការងារនេះទេ ខណៈដែលភាពយន្តថ្មីរបស់ខ្លួន គឺរឿង Karate Kid: Legends ក៏នឹងចាក់បញ្ចាំងក្នុងរោងភាពយន្តនៅថ្ងៃទី៣០ ខែឧសភាខាងមុននេះ។
ដ្បិតចូលដល់វ័យជ្រេទៅហើយ ឯសុខភាពក៏ធ្លាក់ចុះជាងមុន តែ Jackie Chan បានបង្ហាញការតាំងចិត្តថា លោកនឹងនៅតែលេងឈុត Stunt ដោយខ្លួនឯង និងនៅតែធ្វើរៀងនេះរហូតដល់លោកឈប់សម្ដែងតែម្ដង។ តារាចិនរូបខាងលើ និយាយថា៖ “ប្រាកដណាស់ ថាខ្ញុំសម្ដែងឈុត Stunt ខ្លួនឯងរហូត។ វាជាអ្វីដែលជាខ្ញុំ។ វានឹងគ្មានអ្វីប្រែប្រូលនេះទេ រហូតដល់ថ្ងៃខ្ញុំចូលនិវត្តន៍”។
ដោយបានសន្សំបទពិសោធន៍មករាប់សិបឆ្នាំ តួឈិនឡុងបានរៀបរាប់បន្តថា៖ “នៅពេលដែលអ្នកធ្វើវាមកដល់ឆ្នាំទី ៦៤ហើយ ការត្រៀមរាងកាយ វាលែងជាអ្វីដែលចាំបាច់ទៀតហើយ។ គ្រប់យ៉ាង គឺវានៅនឹងចិត្តវិញ្ញាណ និងស្មារតី។ វាគឺជាអ្វីដែលសាច់ដុំទម្លាប់ទៅហើយ”។
តួក្បាច់គុនជើងចាស់រូបនេះ បានពន្យល់ថា ទោះក្នុងពេលបច្ចុប្បន្ន មានបច្ចេកវិទ្យាកុំព្យូទ័រអាចជួយសម្រាលបន្ទុកដល់តួសម្ដែងក៏ពិតមែន តែវាក៏បានធ្វើឱ្យភាពស្ដែងមួយចំនួនបានបាត់បង់។ លោកក៏យល់ឃើញទៀតថា នៅពេលដែលទស្សនិកជនដឹងពីវត្តមាននៃបច្ចេកវិទ្យាទាំងនេះ អ្នកទស្សនាក៏លែងគិតថា វាគ្រោះថា្នក់ និងពិបាកដូចមុន រហូតលែងមានអារម្មណ៍ស្លុងនឹងឈុតឆាកទាំងនោះដូចដើម។
យ៉ាងណាមិញ លោកក៏បាននិយាយដែរថា៖ “ទោះបែបនេះក្ដី តែខ្ញុំមិនគាំទ្រឱ្យតួសម្ដែងយកជីវិតរបស់ខ្លួនទៅប្រឈមនឹងគ្រោះថ្នាក់ទេ ក៏ព្រោះតែត្រូវសម្ដែងក្នុងឈុត Stunt ដូចអ្វីដែលខ្ញុំធ្លាប់ធ្វើ ព្រោះវាមានហានិភ័យខ្ពស់មែនទែន”។
គួររំឭកផងដែរថា Jackie Chan បានចូលប្រឡូកក្នុងវិស័យភាពយន្តប្រយុទ្ធនេះតាំងតែពីអាយុ ៨ ឆ្នាំមកម៉្លេះ។ ប្រមាណ ១០ឆ្នាំបន្ទាប់ពីនោះ លោកបានទទួលសម្ដែងជាតួជំនួសនៅក្នុងភាពយន្តរបស់តារាចិនល្បីឈ្មោះ Bruce Lee ដែលទស្សនិកជនខ្មែរតែងស្គាល់ថាជា លីស៊ាវឡុង។
មកដល់ឆ្នាំ ១៩៧៨ ឈិនឡុងក្នុងវ័យ ២៤ឆ្នាំ បានក្លាយជាតារាឯកក្នុងវិស័យភាពយន្តវាយតប់របស់ហុងកុង មុននឹងមានកេរ្តិ៍ឈ្មោះបោះសំឡេងនៅក្នុងសហរដ្ឋអាមេរិក និងពិភពលោក តាមរយៈរឿង Rush Hour ក្នុងឆ្នាំ ១៩៩៨៕