បន្តកាន់តែយូរ កាន់តែហត់! ៥ ចំណុចបង្ហាញថាស្នេហាអ្នកគួរដល់ពេលបញ្ចប់ហើយ

១. ជួបមុខគ្នាមានអារម្មណ៍ថាលែងមានក្ដីសុខ?

​អាច​ជា​រឿង​ភ្ញាក់​ផ្អើលណាស់ដែរចំពោះអារម្មណ៍ដែលផ្លាស់ប្ដូរបែបនេះ ព្រោះ​យើង​មិន​ដឹង​ថា​វា​ចាប់​ផ្ដើម​នៅ​ពេល​ណា​ ហើយមានអារម្មណ៍ថាគ្មានវិធីដើម្បីជួសជុលអ្វីទាំងអស់។ នៅពេលដែលអស់ចិត្តហើយ មនុស្សដែលយើងធ្លាប់ជួប និងសប្បាយចិត្ត ស្រាប់តែប្រែក្លាយទៅជាមនុស្សដែលយើងមានអារម្មណ៍ព្រងើយកន្តើយ ដោយមិនមានការរំភើប មិនមានការចង់ក្តីស្រឡាញ់ពីគេ ហើយ​អ្វី​ដែល​កាន់តែ​អាក្រក់​នោះ​គឺ​នៅពេលយើង​កាន់តែ​ព្យាយាម​រារាំង​អារម្មណ៍​របស់​យើង​មិន​ឲ្យ​ផ្លាស់ប្តូរ យើងបែរកាន់តែមានអារម្មណ៍នឿយណាយ ចាប់ផ្តើមធុញទ្រាន់នឹងការបង្ខំខ្លួនឯងដើម្បីរក្សាទំនាក់ទំនង។ ប្រសិនបើរោគសញ្ញាកាន់តែធ្ងន់ធ្ងរ អ្នកប្រហែលជាត្រូវពិចារណាបើកចិត្ត និងនិយាយគ្នា ព្រោះការ​ដែល​ភាគី​ម្ខាង​អស់​ចិត្ត​ដោយ​​ភាគី​ម្ខាង​ទៀតមិនបាន​ធ្វើ​ខុស ប្រសិនបើបន្តជំរុញកាន់តែខ្លាំង គឺ​នឹង​ធ្វើ​បាប​គ្នាកាន់តែខ្លាំង។

២. ទំនុកចិត្តធ្លាក់ដល់ចំណុចសូន្យ

ធាតុ​សំខាន់​មួយ​ក្នុង​ទំនាក់ទំនង​ស្នេហា​គឺ “ការ​ទុក​ចិត្ត” ដែល​ប្រសិន​បើ​វា​ត្រូវ​បាន​បំផ្លាញអស់ហើយ នោះវានឹងក្លាយជាទំនាក់ទំនងមួយដែលភាគីណាមួយត្រូវមានការភ័យខ្លាចឥតឈប់ឈរ។ ការជឿទុកចិត្តនេះគ្របដណ្តប់លើរឿងជាច្រើន អាចជារឿងដែលភាគីម្ខាងទៀតមានចិត្តមិនស្មោះត្រង់ លួចក្បត់ រឿងដែលភាគីម្ខាងទៀតកុហកជាញឹកញាប់រហូតក្លាយជាទម្លាប់ ឬក៏អាចជារឿងលុយកាក់ផងដែរ។ នៅពេល​​ដឹង​ថាខ្លួនត្រូវគេបោកម្ដងហើយម្ដង យើងប្រាកដជាមានការសង្ស័យជារៀងរហូតថាអាចនឹងមានការកើតឡើងម្តងទៀត។ មនុស្ស​ជា​ច្រើន​ផ្តល់​ឱកាស​ឱ្យ​មនុស្ស​ជា​ទី​ស្រឡាញ់​តែ​ម្តង​ទេ ប្រសិនបើ​​នៅ​តែ​មាន​អាកប្បកិរិយា​ដដែលៗ​ទៀត​នោះ អ្នក​ប្រហែល​មិនគួរ​ទ្រាំទ្រ​នឹង​ស្ថានភាព​នេះ​​ទៀត​ទេ។ ​វិធី​តែ​មួយ​គត់​ដែល​យើង​អាច​វិល​ទៅ​រក​អារម្មណ៍​សុខសាន្ត​និង​រស់​នៅ​ក្នុង​ជីវិត​ធម្មតា គឺត្រូវ​កាត់ទំនាក់ទំនងជាមួយ​នឹង​មនុស្ស​ដែល​បាន​បំផ្លាញ​ការ​ទុក​ចិត្ត​របស់​យើង។

៣. បាត់បង់​ខ្លួនឯង

យើងនឹងមិនមានអារម្មណ៍ធុញទ្រាន់ទេ ថែមទាំងមានក្ដីសុខខ្លាំងទៀតផង ​ប្រសិនបើបានជួបស្នេហាល្អ ស្នេហាដែលយើងមិនចាំបាច់ព្យាយាមធ្វើជាមនុស្សផ្សេងៗ មិនចាំបាច់ព្យាយាមបង្កើតធ្វើជាមនុស្សឥតខ្ចោះ រហូតដល់បាត់បង់ភាពជាខ្លួនឯង ឬការ​ស្រលាញ់​ខ្លាំង​ពេកក៏អាច​ក្លាយ​ជាចំណង​ដែល​ចង​មនុស្ស​ពីរ​នាក់ជាប់​គ្នា​ រហូត​បាត់​បង់​ភាពជា​ខ្លួន​ឯងដូចគ្នា។ ព្រោះតែខ្លាចបាត់បង់គេ អ្នកក៏ស្ដាប់តាមគេរហូត ដូច្នេះវាមិនមែនជាទំនាក់ទំនងស្នេហាដែលល្អនោះទេ។

៤. ទំនាក់ទំនង Toxic ពិតៗ

មានទំនាក់​ទំនង​ដែល​ធ្វើ​ឲ្យ​យើង​រស់​នៅ​ក្នុងទុក្ខព្រួយ ហើយ​បារម្ភគ្រប់យ៉ាង​ខ្លាំង​ពេក គឺ​ដូចជា​ការ​ផឹក​ថ្នាំ​ពុល​ជា​រៀង​រាល់​ថ្ងៃ គ្មានក្ដីសុខទាំងផ្លូវកាយ និងផ្លូវចិត្ត មានអារម្មណ៍ថាតម្លៃខ្លួនឯងត្រូវគេជាន់ឈ្លីរៀងរាល់ថ្ងៃ។ ដូច្នេះ ចូរ​កុំ​ទុក​ឲ្យ​ខ្លួន​ឯង​នៅ​ក្នុង​ទំនាក់​ទំនង​បែប​នេះ​យូរ ដោយសារតែពេលដែលអ្នកចំណាយពេលកាន់តែច្រើនក្នុងទំនាក់ទំនងនេះ អារម្មណ៍អវិជ្ជមានកាន់តែកើនឡើង។

៥. មិនឃើញអនាគតរួមគ្នាទាល់តែសោះ

ស្រលាញ់គ្នាដំបូងៗ អ្នកអាច​មិន​ច្បាស់​ទេ​ថា​ទំនាក់ទំនង​ស្នេហា​នេះគឺគ្រាន់តែការស្រលាញ់​គ្នាមួយឆាវ ឬដើម្បីសាង​អនាគត​ជាមួយ​គ្នា។​ ប៉ុន្តែទំនាក់ទំនងមិនអាចបន្តមិនច្បាស់លាស់បែបនេះរៀងរហូតទេ។ នៅចំណុចមួយនឹងមានភាគីមួយចាប់ផ្តើមសួរអំពីអនាគតថាតើយើងស្ថិតនៅក្នុងផ្នែកណានៃជីវិតរបស់គ្នាទៅវិញទៅមក? បើ​អ្នក​មិន​មាន​រូបភាព​នៃ​ការ​មាន​គាត់​ក្នុង​ឋានៈ​ជា​គូជីវិត តើ​អនាគត​នឹង​ទៅ​ជា​បែប​ណា? ច្បាស់ណាស់ថាយើងគ្មានអនាគតជាមួយគ្នាទេ។ ដូច្នេះត្រូវនិយាយឱ្យច្បាស់ថានៅបន្តដើម្បីអ្វី បើ​អនាគត​រវាងអ្នក​ទាំង​ពីរ​ងងឹត​ឈឹងបែបហ្នឹង ៕

Previous Post Next Post

Contact Form